ខណៈស្ថានភាពនយោបាយកាន់តែតានតឹង ជម្រើសប្រើយោធាដើម្បីបណ្ដេញលោក នីកូឡាស់ ម៉ាឌុយរ៉ូ បានធ្លាក់ចេញពីបបូរមាត់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដោយផ្ទាល់។ ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍ CBS ដែលផ្សាយនៅថ្ងៃទី៣ ខែកុម្ភៈ លោក ត្រាំ ត្រូវបានសួរថា កត្តាអ្វីខ្លះដែលអាមេរិកសម្រេចចិត្តធ្វើអន្តរាគមន៍យោធានៅវ៉េណេស៊ុយអេឡា។ ប្រធានាធិបតីអាមេរិកមិនបានផ្ដល់ចម្លើយជាក់លាក់ឡើយ តែព្រមានថា យោធាគឺជាជម្រើសមួយ។
សព្វថ្ងៃនេះ អាមេរិកកំពុងដឹកនាំប្រទេសជាច្រើនក្នុងការអូសទាញលោក ម៉ាឌុយរ៉ូ ឲ្យចេញពីកៅអីប្រធានាធិបតីវ៉េណេស៊ុយអេឡា។ កាលថ្ងៃទី២៣ ខែមករាកន្លងទៅ ក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ប្រធានសភា ហ័ន ក្វៃដូ ជាមេដឹកនាំស្របច្បាប់របស់វ៉េណេស៊ុយអេឡា បន្ទាប់ពីអ្នកនយោបាយរូបនេះតាំងខ្លួនជាប្រធានាធិបតីបណ្ដោះអាសន្នចំពោះមុខបាតុកររាប់ពាន់នាក់។ លោក ក្វៃដូ ចាត់ទុកលោក ម៉ាឌុយរ៉ូ ជាមេដឹកនាំស្របច្បាប់ ព្រោះការជាប់ឆ្នោតរបស់លោកជារឿងខុសច្បាប់។
លើសពីព្រមានប្រើកម្លាំងទ័ពនោះ លោក ត្រាំ ក៏អះអាងថា លោកបដិសេធសំណើចរចារបស់លោក ម៉ាឌុយរ៉ូ កាលពីខែមុន។ បើតាមទីភ្នាក់ងារព័ត៌មាន AFP ប្រធានាធិបតីអាមេរិករូបនេះបញ្ជាក់ថា ជំហរអាមេរិក និងវ៉េណេស៊ុយអេឡានៅឆ្ងាយគ្នាណាស់។
ភ្លាមៗក្រោយប្រធានាធិបតីអាមេរិកប្រកាសដូចខាងលើ វ៉េណេស៊ុយអេឡាក៏ចេញមុខប្រតិកម្មតបវិញ និងចាត់ទុកការលើកឡើងរបស់របស់លោក ត្រាំ ជារឿងមិនអាចទទួលយកបានឡើយ។ អនុប្រធានាធិបតីវ៉េណេស៊ុយអេឡា Delcy Rodriguez ប្រកាសថា ប្រទេសលោកស្រីត្រៀមខ្លួនជាស្រេចក្នុងការវាយបកសត្រូវឈ្លានពាន។ លោកស្រីអះអាងទៀតថា បញ្ហាអធិបតេយ្យមិនអាចចរចាឡើយទេ តែវ៉េណេស៊ុយអេឡានឹងការពារខ្លួនដាច់ខាត។
រដ្ឋបាលប្រធានាធិបតី ត្រាំ តែងលើកឡើងជាញឹកញាប់នូវការប្រើប្រាស់កម្លាំងយោធា ស្របពេលដែលអាមេរិកក៏ព្យាយាមដាក់សម្ពាធកាន់តែខ្លាំងឡើងៗតាមរយៈការដាក់ទណ្ឌកម្មលើក្រុមហ៊ុនប្រេងរដ្ឋ និងការអំពាវនាវឲ្យយោធាវ៉េណេស៊ុយអេឡាងាកទៅគាំទ្រលោក ក្វៃដូ វិញ។ អាមេរិកក៏ស្នើឲ្យប្រទេសនានាជុំវិញពិភពលោកដើរតាមខ្លួនក្នុងការទទួលស្គាល់មេដឹកនាំប្រឆាំងវ័យក្មេងរូបនេះដែរ។
យ៉ាងណាមិញ លោក ម៉ាឌុយរ៉ូ ដែលដឹកនាំប្រទេសធ្លាក់មកដល់ស្ថានការណ៍ដូចបច្ចុប្បន្ន នៅតែមានមហាអំណាចគាំទ្រច្រើនដូចជារុស្ស៊ី ចិន អ៊ីរ៉ង់ និងតួកគីជាដើម។ កាន់តែសំខាន់នោះ លោកក៏នៅមានការគាំទ្ររបស់យោធាដដែល ទោះជាមានការរត់គេចពីមន្ត្រីយោធាមួយចំនួនក្ដី។ ចុងក្រោយនេះ ឧត្តមសេនីយ៍ជើងអាកាសម្នាក់បានទទួលស្គាល់លោក ក្វៃដូ ប៉ុន្តែវានៅតែមិនអាចបង្កក្ដីបារម្ភសម្រាប់លោក ម៉ាឌុយរ៉ូ ដ្បិតឧត្តមសេនីយ៍ក្ដាប់ទ័ពឈរខាងលោកទៅហើយ៕
No comments:
Post a Comment