Wednesday, 6 February 2019

សត្វខ្ទីង និងទន្សោង នៅតិចតួច ប្រឈមនឹងការសម្លាប់ផ្តាច់ពូជ ប្រសិនមិនមានការពារ និងអភិរក្

សត្វកម្រដែលស្ទើរតែផុតពូជគ្មានសល់ក្នុងប្រទេសកម្ពុជា ហើយកំពុង​លាក់​ខ្លួន​តាមព្រៃភ្នំជ្រៅៗក្នុងទឹកដីស្រុកឱ រ៉ាល់ ខេត្តកំពង់ស្ពឺ​និងមួយផ្នែកក្នុងខេត្ត​កោះ​កុង កំពុង ត្រូវបានព្រានព្រៃតាមលួចប្រមាញ់ជាបន្តបន្ទាប់​ ដើម្បី យកសាច់​ និងស្នែង​មកលក់ ដែលគេជឿថា​ បើមិនមាន វិធានការតឹងរ៉ឹងទេ​ សត្វទាំងនោះ​នឹង​ផុត​ពូជ​នៅថ្ងៃខាង មុខជាក់ជាពុំខាន។
តាមប្រភពនានា បានឱ្យដឹងថា​ ការសម្លាប់សត្វខ្ទីង​ និង ទន្សោង​ ក្រុមព្រានព្រៃ​សំដៅធំផុត គឺយកស្នែងមកលក់ ដែលមានតម្លៃខ្ពស់ៗ ​ចាប់ពីជាង២០០ដុល្លារ​រហូត​ដល់​រាប់ពាន់ដុល្លារ។ សត្វទាំងនេះ​ ត្រូវបានគេឱ្យដឹងថា​ នៅ មានវត្តមាន​នៅឡើយ​ក្នុង​ទឹក​ដី​ស្រុកឱរ៉ាល់ និងខេត្តកោះ កុង។ ​ក្រៅពីសត្វព្រៃដ៏កម្របំផុត​នេះ​ សត្វជ្រូកព្រៃ​ ក៏ត្រូវបានគេឱ្យដឹងថា​ ក្រុមព្រាន​បានធ្វើអន្ទាក់រាប់ពាន់កន្លែង​ក្នុ​ង​តំបន់នីមួយៗសម្រាប់ទាក់យកសាច់លក់ជារៀងរាល់ថ្ងៃ។
តាមប្រភពពីពលរដ្ឋរស់នៅក្នុងឃុំជាំសង្កែ ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ​ បានឱ្យ​ដឹង​ថា ពេលបច្ចុប្បន្ននេះ បើនិយាយ សត្វប្រើស រមាំង ឈ្លូស​ នៅក្នុងទឹកដី​ខេត្តកំពង់ស្ពឺ​ គេ​កម្របានជួបប្រទះទៀតណាស់ ហើយបើដឹង​ថា តំបន់ណា មាននោះ ក្រុមព្រានព្រៃ​តែង​រុករក​មិនសូវសល់ឡើយ បើទោះតំបន់នោះអភិរក្សក៏ដោយ។​ ក្រុមអ្នកប្រមាញ់សត្វ​ទាំង​នោះ​ មិនប្រាថ្នាចង់បានសាច់សត្វសម្រាប់លក់​ ឬប្រមាញ់សម្រាប់យកសាច់មក​ទុក​បរិភោគឡើយ តែអ្វីដែល ពួកគេចង់បាននោះ​ គឺស្នែង​សម្រាប់យកមកលក់តែប៉ុណ្ណោះ​ ពីព្រោះវាមានតម្លៃរាប់រយដុល្លារ ក្នុងមួយក្បាលៗហើយ បើរកបាននោះ​ មិនខ្វះទេ​ឈ្មួញ​ទទួលទិញ​យក។ សម្រាប់អ្នកស្រុកនៅ​តំបន់​នេះ​ ដែលគ្មានការងារធ្វើ​ នៅពេលផុត​រដូវ​ធ្វើស្រែ គេតែងនាំគ្នាឡើងព្រៃភ្នំរុករកសត្វព្រៃ​ឬអនុផលព្រៃ​ឈើស​ម្រាប់មក​លក់​ចិញ្ចឹម​ជីវិត។ ពួកគេមាននាំគ្នា ទៅទាំងក្រុមៗ​ ហើយនៅពេលដឹងថា​ ទីកន្លែងណាមាន​សត្វ​ព្រៃ​រស់នៅ តែងនាំគ្នា​តាម​​ប្រមាញ់ ពុំសូវខ្លាចក្រែងទេ។
បុរសអ្នកប្រមាញ់សត្វព្រៃម្នាក់ ឈ្មោះ គុណ​ នៅឃុំជាំសង្កែ​ បានបញ្ជាក់ឱ្យដឹងថា​ កន្លងមក គាត់ជាមួយអ្នកភូមិតែង​បាននាំគ្នាចូលព្រៃ​ជាញឹកញាប់​ ហើយកាលពីមុនមក​ ពេលទៅរកអនុផលព្រៃឈើម្តងៗ តែងបានសត្វព្រៃត្រឡប់ មកផ្ទះវិញពុំដែលខាន​ ប៉ុន្តែ​ក្នុងរយៈពេល​ប៉ុន្មានឆ្នាំនេះ សត្វព្រៃខ្សត់ខ្សោយខ្លាំងណាស់​ ហើយរកសឹងលែងបាន​ទៀតហើយ។ អ្វីដែលគាត់បាននោះមានតែសត្វពស់ សត្វអណ្តើក​ និងសត្វប្រភេទតូចៗ​ប៉ុណ្ណោះ។ ចំណែកសត្វធំៗ ដូចជាឈ្លូសរមាំង ប្រើស​ ឬសូម្បីតែសត្វខ្ទីង​ ទន្សោង​នោះ​លែងបានឃើញទៀត​ឡើយ។​
បុរសរូបនេះ បានបញ្ជាក់ថា​ សត្វព្រៃធំៗ​ ពេលបានស្នែង យកមកលក់​ គឺបាន​តម្លៃ​ខ្ពស់ណាស់ដូចជាសត្វប្រើស សត្វរមាំង​ បើស្នែងធំ​មួយក្បាល​ គេអាចលក់បាន​តម្លៃ​ចាប់ពី៣០០ដុល្លារឡើងទៅដល់រាប់ពាន់ដុល្លារ។ ចំណែក សត្វខ្ទីង​ ស្នែងធំល្មម​ បើរក​បានមួយក្បាលៗ គេអាចលក់ក្នុងព្រៃចាប់ពី២០០ ទៅ៤០០ដុល្លារ​ ហើយ បើក្រុមឈ្មួញ​យកទៅលក់បន្តទៀត មានតម្លៃចាប់ពី ៥០០ ទៅ២០០០ដុល្លារ។​
ចំពោះអ្នកមក​ទិញ​នោះ​ មិនខ្វះទេដោយភាគច្រើនជាអ្នក មានលុយ ដែលក្នុងនោះរាប់ទាំងមន្រ្តី ឧកញ៉ា​ទិញ​យក ទៅតាំងផ្ទះសម្បែង​របស់គេហើយរបស់ទាំងនេះ គេចូលចិត្តបំផុត។
អ្នកប្រមាញ់សត្វព្រៃរូបនេះ បានឱ្យដឹងដែរថា ”កាលពីមុន​ អ្នករកសត្វព្រៃធំៗ​ បាន​មួយក្បាលៗ មិនមានតម្លៃប៉ុន្មានទេ តែពេលនេះ​ ពេលរក​បានមួយក្បាលៗ​ គេសង្វាត​បំផុត គឺស្នែងដើម្បីយកទៅលក់។​ ក្រុមអ្នកស្រុ​ក​ ពេលរកបានម្តងៗ​ យកស្នែងលក់​ចែក​លុយគ្នា​ក៏មិនបានច្រើនដែរ គឺម្នាក់ បន្តិចៗ​ ព្រោះថាគ្នាច្រើន​ ប៉ុន្តែយ៉ាងណាបើ​រកសត្វ​ព្រៃបាន គេបានទាំងសាច់​ និងស្នែង​ អញ្ចឹងហើយនៅពេល​ចប់ រដូវធ្វើ​ស្រែគ្មានអ្វី​ធ្វើ​មាន​តែឡើងព្រៃភ្នំ ដើម្បីរកសត្វ និងឈើសម្រាប់លក់ប៉ុណ្ណោះ”។
បុរសរស់នៅស្រុកភ្នំស្រួចម្នាក់ ឈ្មោះជា​ រដ្ឋ​ ដែលជាអ្នកធ្លាប់ដើរ​ព្រៃជើង​ចាស់​ម្នាក់ បានឱ្យដឹងពាក់ព័ន្ធពីសត្វព្រៃ នៅស្រុកឱរ៉ាល់ថា ពេលនេះ​ សត្វខ្ទីង​ និងទន្សោង​បើ​តាមគាត់ដឹងមានសេសសល់តិចតួចណាស់ ប៉ុន្តែគាត់ជឿថា​ ទំហំនៃការរុករករបស់​ព្រានព្រៃ ដូច​រៀងរាល់ថ្ងៃនេះ​ មិនយូរទៀតទេ​ សត្វព្រៃច្បាស់ជាត្រូវហិន​ហោចទាំង​ស្រុង​តែ ម្តង។ ពីព្រោះថា​ សត្វព្រៃដែលកម្រដូចជាសត្វខ្ទីង​ ត្រូវបាន​គេធ្វើអន្ទាក់ ​ស្ទាក់​ចាប់ស្ទើរគ្រប់កន្លែង ឱ្យតែពួកគេដឹង ថា សត្វនេះរស់នៅ។​ ពេលស្ទាក់ចាប់បានម្តងៗ​ គេ​តែងបង្អត់បាយ​បង្អត់​ទឹកវា​រាប់​ថ្ងៃ ​ដោយមិនហ៊ានចូលសម្លាប់ ភ្លាមៗទេ ដោយសារសត្វ​នេះកម្លាំងខ្លាំងខា្លចវា តដៃ​ ដូចនេះ​ នៅពេលវាខ្សោយកម្លាំងហើយ​ ទើបក្រុម​ព្រាន​​ចូល​សម្លាប់តែម្តង។ ក្នុងពេលយកចេញពីព្រៃទៀតសោត មានការប្រយ័ត្នប្រយែង​ណាស់​ ព្រោះថាមេព្រៃតែងស្ទាក់ ចាប់ ប៉ុន្តែ​យ៉ាង​ណាអ្នកប្រមាញ់​ គេស្គាល់ផ្លូវនៅតែអាចយក​ចេញមកលក់បានដោយមិនជួបការលំបាកនោះឡើយ។
បុរសរូបនេះឱ្យដឹងបន្ថែមថា ”រឿងសម្លាប់សត្វខ្ទីង សត្វ ទន្សោងនោះ​ បំណងធំ​បំផុត​របស់​គេ គឺគ្មានអ្វីក្រៅពីយក ស្នែងលក់នោះទេ។​ ពេលនេះស្នែងតម្លៃកាន់​តែ​ថ្លៃ ​ក្រុមអ្នកស្រុក ដែលជាព្រានព្រៃឱ្យតែបានឮមិនបានទេតែង​ក្រវ៉ែល​បើទោះបីកន្លែងនោះគេការពារ ឬអភិរក្សបែប ណាក្តី”។​ អ្នកដើរព្រៃរូបនេះ​ ឱ្យដឹងថា​ សត្វខ្ទីង​ បើតាម គាត់ដឹង​គេបានសម្លាប់នៅខេត្តកោះកុង​ញឹកញាប់​ដែរ​ដោយក្នុងនោះ​បានកាប់ច្រៀកក្បាលយកស្នែងមកលក់ ក្នុងមួយខែចាប់ពី ២ទៅ៣ក្បាល ដោយក្នុងនោះយកទៅ លក់ នៅខេត្ត​កំព​ង់ស្ពឺ ​និងខ្លះដឹកទៅ​លក់​ភ្នំពេញ ឬខ្លះ មាននាំយកទៅបរទេសថែមទៀត ៕

No comments:

Post a Comment

គណនេយ្យ​Facebookមួយសួររកគ្រូពេទ្យដែរកំពង់តែចាក់ថ្នាំអោយអ្នកជំង.........

Heng SiveMey 35 mins  ·  ស្គាល់ពេទ្យហ្នឹងអត់ ខ្ញុំដូចចង់ឈឺ 😝 មុននេះបន្តិចគណនេយ្យFacebookខាងលើបាន...