ទោះបីជាមានឋានះជា នាយករដ្ឋមន្ត្រីក៏ស្ថិតនៅក្រោមច្បាប់ដែរ តុលាការថៃកោះហៅលោក ប្រាយុទ្ធ ទៅបំភ្លឺជុំវិញ...............
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចន្ទអូចា, អភិបាលក្រុងបាងកក Aswin Kwanmuang និងសមាជិកនៃគណៈកម្មការទទួលបន្ទុកផ្នែកបរិស្ថានថៃ ត្រូវបានគេកោះហៅឲ្យទៅស្រាយបំភ្លឺនៅតុលាការរដ្ឋបាលកណ្តាលនៅថ្ងៃទី៧ ខែកុម្ភៈ ពាក់ព័ន្ធនឹងវិបត្តិខ្យល់កខ្វក់ PM2.5 ដែលជះឥទ្ធិពលលើក្រុងបាងកករយៈពេលជិត ២ ខែកន្លងទៅនេះ។
ការកោះហៅរបស់តុលាការនេះ គឺធ្វើឡើងដើម្បីឆ្លើយតបទៅបណ្តឹងពីសមាគមបញ្ឍប់បម្រែបម្រួលអាកាសធាតុ (SGWA) និងប្រជាជនបាងកកចំនួន ៤១ នាក់។ អ្នកដាក់ពាក្យបណ្តឹងចោទប្រកាន់មន្ត្រីគ្រាក់ៗទាំងនោះថា មិនយកចិត្តទុកដាក់លើបញ្ហាផ្សែងពុល ដោយអះអាងថា ពួកគេបរាជ័យក្នុងការអនុវត្តច្បាប់សុខភាពសាធារណៈនិងបរិស្ថានដើម្បីគ្រប់គ្រងកម្រិត PM2.5 ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ The Nation ។
យោងតាមបណ្តឹងដដែលនេះ ការព្រងើយកន្តើយរបស់មន្ត្រីក្នុងការដោះស្រាយវិបត្តិខ្យល់កខ្វក់នេះ បានបង្ខំឲ្យសាលារៀន និងក្រុមហ៊ុនជាច្រើនបិទទ្វារជាបណ្តោះអាសន្ន។ ប្រជាជនមួយចំនួនមានបញ្ហាសុខភាពផ្លូវដង្ហើម ហើយសេដ្ឋកិច្ចថៃទទួលរងផលប៉ះពាល់ថែមទៀតផង។ លើសពីនេះ ភ្ញៀវទេសចរហាក់ស្ទាក់ស្ទើរនឹងធ្វើដំណើរទៅកាន់ប្រទេសថៃ ក្រោយពីទទួលដំណឹងពីបញ្ហាគុណភាពខ្យល់។
ប្រធានសមាគមបញ្ឍប់បម្រែបម្រួលអាកាសធាតុ (SGWA) លោក Srisuwan Janya បានប្រាប់សារព័ត៌មាន The Nation ថា លោកនឹងរៀបចំភស្តុតាងដែលបង្ហាញពីការធ្វេសប្រហែសរបស់រដ្ឋាភិបាលទាក់ទិននឹងបញ្ហាខ្យល់កខ្វក់ និងស្នើឲ្យតុលាការចេញបញ្ជាឲ្យមន្ត្រីដែលត្រូវចោទប្រកាន់ទាំងនោះ ដាក់ចេញវិធានការថ្មីដើម្បីទប់ទល់នឹងប្រភពនៃការបំពុលខ្យល់។ លោកថា ទាំងអ្នកដុតចម្ការអំពៅ និងអ្នកទិញអំពៅដែលដុតរួចគួរតែប្រឈមនឹងការដាក់ពិន័យ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាពាណិជ្ជកម្មថៃបានព្រមានថា ប្រសិនបើវិបត្តិផ្សែងពុលពុំត្រូវបានដោះស្រាយឲ្យមានប្រសិទ្ធភាព ហើយនៅតែបន្តក្នុងរយៈពេលវែងនោះ សេដ្ឋកិច្ចថៃនឹងត្រូវខាតបង់ក្នុងចន្លោះពី ១០ ពាន់លានបាត (៣១៩,៧ លានដុល្លារ) ទៅ ១៥ ពាន់លានបាត (៤៧៩,៥) ក្នុងមួយខែ ។ ការប៉ាន់ស្មាននេះគឺធ្វើឡើង ដោយផ្អែកលើលុយដែលប្រជាជនចំណាយទិញថ្នាំ និងម្ស៉ាស N95 រួមទាំងចំណូលមកពីវិស័យទេសចរណ៍ផងដែរ។ បើតាមការដឹងរបស់ក្រុមប្រឹក្សាពាណិជ្ជកម្មថៃ បច្ចុប្បន្ននេះប្រជាជនចំណាយជាមធ្យមប្រមាណ ៥៩៤ បាត (១៩ ដុល្លារ) ក្នុងមួយខែសម្រាប់ផលិតផលការពារពីខ្យល់កខ្វក់៕
No comments:
Post a Comment